DAP ៖ ក្រុមគណបក្សនយោបាយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃទី២ នៃការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ បានបន្តសកម្មភាព ឃោសនាដោយបាន បញ្ចេញសារពីគោលនយោបាយ របស់បក្សរៀងៗខ្លួន ដើម្បីទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។
ក្នុងសកម្មភាព នៃការឃោសនានេះ សង្កេតឃើញថា គណបក្សនយោបាយធំៗ ដែលមានភាពលេចធ្លោជាងគេ ហើយទាំងអ្នកគាំទ្រ ក៏ដូចជាសកម្មជន បានចូលរួមយ៉ាងផុសផុលនោះ គឺគណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាច និងគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំង ដ៏ធំនៅកម្ពុជា។ ចំណែកបក្សផ្សេងទៀត មានសកម្មភាព បន្ទាប់បន្សំ ។
សម្តេចតេជោបានផ្ញើសារ ទៅអ្នកគាំទ្រនៅទូទាំងប្រទេស ដោយមានអត្ថន័យថា បោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ខណៈដែលលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចូលរួមដឹកនាំ ឃោសនានៅខេត្តកំពត ពេលព្រឹក និងពេលរសៀល នៅខេត្តព្រះសីហនុ។
ចំណែក លោក កឹម សុខាវិញ បានថ្លែង នៅចំពោះមុខអ្នកគាំទ្រថា ប្រជាពលរដ្ឋ ត្រូវទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើស យកមេឃុំ និងចៅសង្កាត់ ដែលល្អ ក្នុងការដឹកនាំ។
លោក កឹម សុខា បន្តថា “បើសិនជាយើង ជ្រើសយក មេឃុំ-ចៅសង្កាត់ល្អ យើងក៏បានល្អដែរ តែបើយើងយកបាន មេឃុំចៅ-សង្កាត់មិនល្អ ឃុំ-សង្កាត់ យើងក៏មិនល្អដែរ”។
លោកគូសបញ្ជាក់ទៀតថា “បើមេឃុំណា ដែលជាប់ឆ្នោតហើយ ហើយមិនធ្វើការ តាមគោលការណ៍ ដែលគណប្សសង្រ្គាះជាតិ ដាក់ឲ្យខ្ញុំសូមសន្យា ជាមួយបងប្អូន ជនរួមជាតិថា គណបក្សសង្រ្គាះជាតិ យើងនឹងដកចេញ”។
សម្រាប់ប្រធាន គណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ទើបតែចាប់ផ្តើម ឃោសនានៅថ្ងៃទី២១ ឧសភា ដោយមាន សមាជិក-សមាជិកា ប្រមាណ ១០០០នាក់ ចូលរួមដង្ហែរក្បួន ឃោសនានៅខេត្តត្បូងឃ្មុំ ។
ដោយឡែកគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន បានបន្តយុទ្ធនាការ ឃោសនារបស់ខ្លួន នៅឃុំខ្នាឆ្មារ ខេត្តកំពង់ឆ្នាំង ដោយបានបង្ហាញ សារនយោបាយថា បោះឆ្នោតជូនគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន កសិករទទួលបានទឹក ទុន ទីផ្សារ។
បន្ថែមពីលើសាររបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន អ្នកនាំពាក្យ បានថ្លែងថា គណបក្ស ត្រូវបានប្រជាពលរដ្ឋ កត់សម្គាល់ថា ជាបក្សដែលមានស្នាដៃ មហាសាល ក្នុងការស្វែងរក សន្តិភាព ការពារសន្តិភាព និងខិតខំកសាងអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យមានការរីកចំរើន កាន់តែខ្លាំង។ លោកថា ពលរដ្ឋជាម្ចាស់ឆ្នោត កំពុងមើលទៅលើស្នាដៃ គុណសម្បត្តិ ក៏ដូចជាកម្មវិធី នយោបាយ របស់គណបក្ស នយោបាយប្រកួតប្រជែង ដើម្បីសម្រេចចិត្ត បោះឆ្នោតគាំទ្រ គណបក្សដែលជាទីសង្ឃឹម។
ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យបក្សកាន់អំណាច ក៏បានរិះគន់ទៅលើ បក្សប្រឆាំងសង្គ្រោះជាតិ ដែលបានយករូបភាព លោក សម រង្ស៊ី តាំងបង្ហាញសំរាប់ ឃោសនាបោះឆ្នោត។ លោក សុខ ឥសាន បានថ្លែងថា ការតាំងបង្ហាញនេះ ប្រៀបបីដូចជា យកទំនិញហួសដេឡេ មកដាក់លក់។
បើគិតតាមផ្លូវច្បាប់ សម រង្ស៊ី គ្មានសិទ្ធិបង្ហាញមុខ និងធ្វើសកម្មភាព នយោបាយបានឡើយ ពីព្រោះមិនមែនជា សមាជិកគណបក្សណាមួយ និងគ្មានតួនាទី អ្វីក្នុងបក្សដែរ៕